1 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅទៀត រួចដំឡើងត្រសាលនៅត្រង់វាលនៃស្រុកម៉ូអាប់ នៅត្រើយទន្លេយ័រដាន់ខាងនេះ ទល់មុខ និងយេរីខូរ។
2 រីឯបាឡាកជាបុត្រាស៊ីបព័រ ទ្រង់ក៏ឃើញអស់ទាំងការ ដែលពួកអ៊ីស្រាអែលបានធ្វើ ដល់សាសន៍អាម៉ូរី
3 ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន
4 នោះពួកម៉ូអាប់ក៏និយាយទៅពួកចាស់ទុំនៃសាសន៍ម៉ាឌានថា ឥឡូវពួកនេះនឹងស៊ីរំលីងរបស់ទាំងអស់នៅជុំវិញយើងរាល់គ្នាហើយ ដូចជាគោស៊ីរំលីងស្មៅខ្ចីនៅវាលដែរ រីឯគ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើសាសន៍ម៉ូអាប់
5 ទ្រង់ក៏ចាត់សារទៅឯបាឡាមជាកូនបេអ៊រ នៅក្រុងពេថោរ ដែលនៅមាត់ទន្លេ ដើម្បីនឹងហៅមកដោយពាក្យថា មើល មានសាសន៍១ចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ត្រង់ទល់មុខនឹងអញ
6 ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនឹងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឲ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត។
7 លំដាប់នោះ ពួកចាស់ទុំនៃសាសន៍ម៉ូអាប់ និងពួកចាស់ទុំនៃសាសន៍ម៉ាឌាន គេនាំយករង្វាន់ នៃការទំនាយចេញទៅ ក៏មកដល់បាឡាម ហើយរ៉ាយរ៉ាប់ប្រាប់តាមពាក្យរបស់បាឡាក