ជនគណនា 22:10-16 KHOV

10 បាឡាម​ទូល​ឆ្លើយ​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ដែល​ជា​ស្តេច​សាសន៍​ម៉ូអាប់ បាន​ចាត់​គេ​មក​ហៅ​ទូល‌បង្គំ​ថា

11 មើល សាសន៍​នេះ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ឥឡូវ​ចូរ​ឲ្យ​ឯង​មក​ដាក់​បណ្តាសា​គេ​ឲ្យ​អញ ប្រហែល​ជា​អញ​នឹង​អាច​ច្បាំង​ជា​មួយ​នឹង​គេ ហើយ​បណ្តេញ​គេ​ចេញ​ទៅ​បាន

12 តែ​ព្រះ​ទ្រង់​តប​ទៅ​បាឡាម​វិញ​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​មួយ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ផង ដ្បិត​គេ​ជា​អ្នក​មាន​ពរ​ហើយ

13 បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ប្រាប់​ដល់​ពួក​មេ ដែល​មក​ពី​បាឡាក​ថា ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​ទេ

14 ពួក​មេ​សាសន៍​ម៉ូអាប់​ក៏​ក្រោក​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ ទូល​ថា បាឡាម​មិន​ព្រម​មក​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ។

15 នោះ​បាឡាក​ក៏​ចាត់​ពួក​មេ​ជា​ច្រើន​ជាង ជា​អ្នក​មាន​សក្តិ‌យស​ខ្ពស់​ជាង​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ទៀត

16 គេ​ក៏​មក​ដល់​បាឡាម​ប្រាប់​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​មាន​អ្វី​ឃាត់‌ឃាំង​ឯង​មិន​ឲ្យ​ទៅ​ឯ​អញ​នោះ​ឡើយ