6 ដូច្នេះ ចូរឯងមកឥឡូវ ដើម្បីនឹងដាក់បណ្តាសាដល់សាសន៍នេះឲ្យអញ ដ្បិតគេខ្លាំងពូកែជាងអញណាស់ ប្រហែលជាអញនឹងឈ្នះគេបាន ហើយនឹងវាយបណ្តេញគេចេញពីស្រុកទៅ ដ្បិតអញដឹងថា អ្នកណាដែលឯងឲ្យពរ នោះបានពរមែន ហើយអ្នកណាដែលឯងដាក់បណ្តាសា នោះក៏ត្រូវបណ្តាសាពិត។
7 លំដាប់នោះ ពួកចាស់ទុំនៃសាសន៍ម៉ូអាប់ និងពួកចាស់ទុំនៃសាសន៍ម៉ាឌាន គេនាំយករង្វាន់ នៃការទំនាយចេញទៅ ក៏មកដល់បាឡាម ហើយរ៉ាយរ៉ាប់ប្រាប់តាមពាក្យរបស់បាឡាក
8 រួចគាត់ឆ្លើយថា សូមដេកនៅទីនេះ១យប់សិន នោះខ្ញុំនឹងឆ្លើយប្រាប់ដល់អ្នករាល់គ្នា តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ ដូច្នេះពួកមេនៃសាសន៍ម៉ូអាប់ ក៏ស្នាក់នៅជាមួយនឹងបាឡាម
9 នោះព្រះទ្រង់យាងមកឯបាឡាមសួរថា តើមនុស្សណានេះ ដែលនៅជាមួយនឹងឯង
10 បាឡាមទូលឆ្លើយថា បាឡាកជាបុត្រាស៊ីបព័រ ដែលជាស្តេចសាសន៍ម៉ូអាប់ បានចាត់គេមកហៅទូលបង្គំថា
11 មើល សាសន៍នេះដែលចេញពីស្រុកអេស៊ីព្ទមក គេនៅដេរដាសពេញលើផែនដី ឥឡូវចូរឲ្យឯងមកដាក់បណ្តាសាគេឲ្យអញ ប្រហែលជាអញនឹងអាចច្បាំងជាមួយនឹងគេ ហើយបណ្តេញគេចេញទៅបាន
12 តែព្រះទ្រង់តបទៅបាឡាមវិញថា មិនត្រូវឲ្យឯងទៅមួយនឹងគេឡើយ ក៏មិនត្រូវដាក់បណ្តាសាដល់សាសន៍នេះផង ដ្បិតគេជាអ្នកមានពរហើយ