10 តើអ្នកណានឹងរាប់ធូលីរបស់យ៉ាកុបបាន ឬរាប់ចំនួននៃសាសន៍អ៊ីស្រាអែល១ភាគក្នុង៤បាន សូមតែឲ្យខ្ញុំបានស្លាប់ដូចជាពួកសុចរិតនោះចុះ ហើយសូមឲ្យទីបំផុតនៃជីវិតរបស់ខ្ញុំបានដូចជាគេដែរ។
11 នោះបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា តើឯងបានធ្វើយ៉ាងដូចម្តេចនឹងអញ គឺអញបាននាំឯងមកឲ្យដាក់បណ្តាសាដល់ពួកខ្មាំងសត្រូវរបស់អញ តែមើល ឯងបានឲ្យពរដល់គេវិញ
12 គាត់ទូលឆ្លើយថា តើមិនត្រូវឲ្យទូលបង្គំប្រយ័ត្ន នឹងនិយាយតែសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់សំរេចនៅក្នុងមាត់ទូលបង្គំទេឬអី។
13 រួចបាឡាកមានព្រះបន្ទូលនឹងគាត់ថា ចូរមកជាមួយនឹងអញ ទៅឯកន្លែង១ទៀត ជាកន្លែងដែលល្មមឲ្យឯងមើលគេឃើញ ឯងនឹងឃើញតែពួកគេខាងចុងបង្អស់ ឥតឃើញទាំងអស់ទេ រួចចូរឯងដាក់បណ្តាសាគេពីទីនោះឲ្យអញ។
14 នោះទ្រង់នាំគាត់ទៅឯវាលសូភិម នៅលើភ្នំពីសកា ក៏ធ្វើអាសនា៧ ហើយថ្វាយគោ និងចៀមមួយៗនៅលើអាសនាទាំងនោះ
15 បាឡាមទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ចាំទូលបង្គំទៅជួបនឹងព្រះសិន
16 ព្រះយេហូវ៉ាទ្រង់ក៏យាងមកជួបនឹងបាឡាម ហើយដាក់ព្រះបន្ទូលទៅក្នុងមាត់គាត់ រួចប្រាប់ថា ចូរវិលត្រឡប់ទៅឯបាឡាកវិញចុះ ហើយត្រូវនិយាយដូច្នេះ