ជនគណនា 23:15-21 KHOV

15 បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ចាំ​ទូល‌បង្គំ​ទៅ​ជួប​នឹង​ព្រះ​សិន

16 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​មក​ជួប​នឹង​បាឡាម ហើយ​ដាក់​ព្រះ‌បន្ទូល​ទៅ​ក្នុង​មាត់​គាត់ រួច​ប្រាប់​ថា ចូរ​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ចុះ ហើយ​ត្រូវ​និយាយ​ដូច្នេះ

17 គាត់​ក៏​មក​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​ទាំង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​បាឡាក​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា​ដូច​ម្តេច

18 នោះ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា សូម​ឈរ​ឡើង ព្រះ‌រាជា​អើយ សូម​ទ្រង់​ស្តាប់​សិន ឱ​បុត្រ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌ស្រោត​ស្តាប់​ទូល‌បង្គំ​ចុះ

19 ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី

20 មើល ទូល‌បង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ​ទូល‌បង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ

21 ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្ដី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សំរែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ