ជនគណនា 23:4-10 KHOV

4 ឯ​ព្រះ​ទ្រង់​ក៏​មក​ជួប​នឹង​បាឡាម រួច​គាត់​ទូល​ទ្រង់​ថា ទូល‌បង្គំ​បាន​រៀប‌ចំ​អាស‌នា​ទាំង​៧ ហើយ​បាន​ថ្វាយ​គោ និង​ចៀម​មួយៗ នៅ​លើ​អាស‌នា​ទាំង​នោះ

5 នោះ​ព្រះ‌យេហូវ៉ា ទ្រង់​ដាក់​ព្រះ‌បន្ទូល​នៅ​ក្នុង​មាត់​បាឡាម ហើយ​ប្រាប់​ថា ចូរ​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ទៅ ហើយ​ត្រូវ​និយាយ​ដូច្នេះ

6 គាត់​ក៏​ត្រឡប់​ទៅ​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​អស់​ទាំង​មេ​របស់​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ

7 រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​ចុះ

8 តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​ដល់​អ្នក​ណា ដែល​ព្រះ​ទ្រង់​មិន​បាន​ដាក់​បណ្តាសា​ទៅ​កើត ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រកួត​នឹង​អ្នក​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រកួត​ចំពោះ​គេ​បាន

9 ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ

10 តើ​អ្នក​ណា​នឹង​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​នៃ​សាសន៍​អ៊ីស្រា‌អែល​១​ភាគ​ក្នុង​៤​បាន សូម​តែ​ឲ្យ​ខ្ញុំ​បាន​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ទី​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ។