ជនគណនា 23:9-15 KHOV

9 ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ

10 តើ​អ្នក​ណា​នឹង​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​នៃ​សាសន៍​អ៊ីស្រា‌អែល​១​ភាគ​ក្នុង​៤​បាន សូម​តែ​ឲ្យ​ខ្ញុំ​បាន​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ទី​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ។

11 នោះ​បាឡាក​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា តើ​ឯង​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​នឹង​អញ គឺ​អញ​បាន​នាំ​ឯង​មក​ឲ្យ​ដាក់​បណ្តាសា​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ​វិញ

12 គាត់​ទូល​ឆ្លើយ​ថា តើ​មិន​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រយ័ត្ន នឹង​និយាយ​តែ​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​នៅ​ក្នុង​មាត់​ទូល‌បង្គំ​ទេ​ឬ​អី។

13 រួច​បាឡាក​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា ចូរ​មក​ជា​មួយ​នឹង​អញ ទៅ​ឯ​កន្លែង​១​ទៀត ជា​កន្លែង​ដែល​ល្មម​ឲ្យ​ឯង​មើល​គេ​ឃើញ ឯង​នឹង​ឃើញ​តែ​ពួក​គេ​ខាង​ចុង​បង្អស់ ឥត​ឃើញ​ទាំង​អស់​ទេ រួច​ចូរ​ឯង​ដាក់​បណ្តាសា​គេ​ពី​ទី​នោះ​ឲ្យ​អញ។

14 នោះ​ទ្រង់​នាំ​គាត់​ទៅ​ឯ​វាល​សូភិម នៅ​លើ​ភ្នំ​ពីសកា ក៏​ធ្វើ​អាស‌នា​៧ ហើយ​ថ្វាយ​គោ និង​ចៀម​មួយៗ​នៅ​លើ​អាស‌នា​ទាំង​នោះ

15 បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ចាំ​ទូល‌បង្គំ​ទៅ​ជួប​នឹង​ព្រះ​សិន