1 កាលបាឡាមបានឃើញថា ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងឲ្យពរ ដល់សាសន៍អ៊ីស្រាអែលដូច្នោះ នោះគាត់មិនបានទៅដូចជាជាន់មុន ដើម្បីនឹងរកមន្តវិជ្ជាការទៀតឡើយ គឺគាត់បែរមុខទៅឯទីរហោស្ថានវិញ
2 ក៏ងើបភ្នែកឡើងឃើញសាសន៍អ៊ីស្រាអែល នៅក្នុងត្រសាល តាមពូជអំបូរគេរៀងខ្លួន នោះព្រះវិញ្ញាណនៃព្រះ ក៏មកសណ្ឋិតលើគាត់
3 ហើយគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា នេះជាពាក្យរបស់បាឡាមជាកូនបេអ៊រ គឺជាពាក្យនៃមនុស្ស ដែលមើលឃើញច្បាស់
4 ហើយជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តា ក្នុងការជាក់ស្តែង ហើយជាអ្នកដែលក្រាបចុះ ដោយមានភ្នែកបើកឡើង
5 គឺថា ឱយ៉ាកុបអើយ ត្រសាលរបស់ឯងទាំងប៉ុន្មានល្អណាស់ហ្ន៎ ហើយទីលំនៅឯងផង ឱអ៊ីស្រាអែលអើយ