11 ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ
12 នោះបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានប្រាប់ដល់ពួកអ្នកនាំសារដែលទ្រង់បានត្រាស់ប្រើ ឲ្យទៅឯទូលបង្គំទេឬអី ថា
13 ទោះបើព្រះរាជានឹងប្រទានមាស និងប្រាក់ ពេញដំណាក់ទ្រង់ ដល់ទូលបង្គំក៏ដោយ គង់តែទូលបង្គំពុំអាចនឹងរំលងបញ្ញត្តផងព្រះយេហូវ៉ា ដើម្បីនឹងធ្វើអំពើល្អ ឬអាក្រក់តាមចិត្តទៅបានឡើយ សេចក្ដីណាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល គឺសេចក្ដីនោះឯង ដែលទូលបង្គំនឹងថ្លែងទៅ
14 មើល ទូលបង្គំត្រឡប់ទៅឯសាសន៍ទូលបង្គំឥឡូវនេះឯង សូមយាងមកនេះ ទូលបង្គំនឹងប្រកាសទូលទ្រង់ពីការដែលសាសន៍នេះ នឹងធ្វើដល់សាសន៍ទ្រង់នៅគ្រាជាន់ក្រោយ
15 រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូល ដោយពាក្យថា នេះជាពាក្យរបស់បាឡាមជាកូនបេអ៊រ គឺជាពាក្យនៃមនុស្សដែលមើលឃើញច្បាស់
16 ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង
17 ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ