ជនគណនា 24:16-22 KHOV

16 ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​ស្គាល់​គំនិត​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក្នុង​ការ​ជាក់‌ស្តែង ព្រម​ទាំង​ក្រាប​ចុះ​ដោយ​មាន​ភ្នែក​បើក​ឡើង

17 ខ្ញុំ​ឃើញ​ទ្រង់ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​រំពឹង​មើល​ទ្រង់ តែ​មិន​មែន​នៅ​ជិត​ទេ នឹង​មាន​ផ្កាយ​១​ចេញ​ពី​ពួក​យ៉ាកុប​មក ហើយ​នឹង​មាន​ដំបង​១​កើត​ពី​សាសន៍​អ៊ីស្រា‌អែល​ដែរ ដំបង​នោះ​នឹង​វាយ​អស់​ទាំង​ទី​កៀន​នៃ​សាសន៍​ម៉ូអាប់ ហើយ​បំបែក​បំបាក់​អស់​ទាំង​ពួក​អ្នក ដែល​បង្កើត​សេចក្ដី​វឹកវរ

18 នោះ​ស្រុក​អេដំម​នឹង​ត្រឡប់​ទៅ​ជា​កេរ‌អាករ​របស់​ផង​គេ ហើយ​ស្រុក​សៀរ​ដែល​ជា​ខ្មាំង​សត្រូវ​គេ នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​ផង​គេ​ដែរ គឺ​សាសន៍​អ៊ីស្រា‌អែល​នឹង​មាន​ជ័យ‌ជំនះ

19 ហើយ​នឹង​មាន​ម្នាក់​កើត​ឡើង​ពី​ពួក​យ៉ាកុប ដែល​នឹង​កាន់‌កាប់​ត្រួត‌ត្រា អ្នក​នោះ​នឹង​រំលាយ​អស់​ទាំង​សំណល់​ពី​ទី​ក្រុង​ចេញ។

20 រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។

21 គាត់​ក៏​ក្រឡេក​ឃើញ​សាសន៍​កែន​ដែរ រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា ទី​លំនៅ​របស់​ឯង​មាំ​ណាស់ ឯង​មាន​សំបុក​នៅ​លើ​ថ្មដា

22 ប៉ុន្តែ​សាសន៍​កែន​នឹង​ត្រូវ​រោយ‌រៀវ​ទៅ ដរាប​ដល់​សាសន៍​អាស‌ស៊ើរ​នាំ​ទៅ​ជា​ឈ្លើយ។