20 រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។
21 គាត់ក៏ក្រឡេកឃើញសាសន៍កែនដែរ រួចគាត់បញ្ចេញព្រះបន្ទូល ដោយពាក្យថា ទីលំនៅរបស់ឯងមាំណាស់ ឯងមានសំបុកនៅលើថ្មដា
22 ប៉ុន្តែសាសន៍កែននឹងត្រូវរោយរៀវទៅ ដរាបដល់សាសន៍អាសស៊ើរនាំទៅជាឈ្លើយ។
23 រួចគាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅ ក្នុងកាលដែលព្រះទ្រង់ធ្វើការទាំងនេះ
24 តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងបន្ទាបបន្ថោកសាសន៍អាសស៊ើរ ព្រមទាំងសាសន៍ហេប៊ើរផង តែគេនឹងត្រូវវិនាសទៅដែរ
25 នោះបាឡាមក៏ក្រោកឡើង ត្រឡប់ទៅឯកន្លែងរបស់គាត់វិញ ឯបាឡាកទ្រង់ក៏យាងតាមផ្លូវរបស់ទ្រង់ទៅដែរ។