5 គឺថា ឱយ៉ាកុបអើយ ត្រសាលរបស់ឯងទាំងប៉ុន្មានល្អណាស់ហ្ន៎ ហើយទីលំនៅឯងផង ឱអ៊ីស្រាអែលអើយ
6 ទីលំនៅទាំងនោះលយវែងទៅ ដូចជាច្រកភ្នំ ក៏ដូចជាច្បារនៅមាត់ទន្លេ ដូចជាដើមក្រឹស្នាដែលព្រះយេហូវ៉ាបានដាំ ហើយដូចជាដើមតាត្រៅនៅមាត់ទឹក
7 និងមានទឹកហៀរហូរពីថាំងគេ ហើយពូជគេនឹងចំរើនផលឡើងដោយមានទឹកច្រើន ស្តេចគេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគរគេនឹងបានថ្កើងឡើង
8 ព្រះទ្រង់នាំគេចេញពីស្រុកអេស៊ីព្ទមក គេមានកំឡាំង ដូចជាកំឡាំងនៃសត្វរមាស គេនឹងស៊ីលេបសាសន៍ដទៃដែលជាខ្មាំងសត្រូវនឹងគេ ព្រមទាំងបំបាក់ឆ្អឹងឲ្យខ្ទេច ហើយបាញ់ទំលុះដោយព្រួញផង
9 គេបានក្រាប ក៏ដេកទៅដូចជាសិង្ហឈ្មោល ហើយដូចជាសិង្ហញីផង តើអ្នកណាហ៊ានដាស់គេឡើង មានពរហើយ អ្នកណាដែលឲ្យពរដល់ឯង តែអស់អ្នកណាដែលដាក់បណ្តាសាឯង នោះត្រូវបណ្តាសាវិញ។
10 នោះបាឡាក ទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងដល់បាឡាម ក៏ទះព្រះហស្តសន្ធាប់ទៅបាឡាមថា អញបានហៅឯងមក ដើម្បីដាក់បណ្តាសាដល់ខ្មាំងសត្រូវអញ តែមើល ឯងបានឲ្យពរដល់គេ គ្រប់ទាំង៣ដងនេះវិញ
11 ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ