ជនគណនា 27:1-5 KHOV

1 ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ ជា​កូន​កាឡាតៗ ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១

2 គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជំរាប​ថា

3 ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​ទៅ នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​ជា​ពួក​កូរេ​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​វិញ ហើយ​គាត់​គ្មាន​កូន​ប្រុស​សោះ

4 ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ បាត់​ចេញ​ពី​ពួក​គ្រួ​គាត់​ទៅ ដោយ​ព្រោះ​តែ​គ្មាន​កូន​ប្រុស​ដូច្នេះ ហេតុ​នេះ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​កេរ‌អាករ នៅ​ជា​មួយ​នឹង​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង

5 នោះ​ម៉ូសេ​ក៏​នាំ​យក​រឿង​គេ ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា។