1 ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា
2 ចូរសងសឹកនឹងសាសន៍ម៉ាឌាន ឲ្យពួកកូនចៅអ៊ីស្រាអែលចុះ ក្រោយនោះមក ឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអយ្យកោឯងវិញ
3 នោះម៉ូសេក៏ប្រាប់ដល់ពួកបណ្តាជនថា ចូរចាត់ចែងគ្រឿងចំបាំងឲ្យដល់ពួកអ្នករាល់គ្នាខ្លះ ដើម្បីនឹងទៅច្បាំងនឹងសាសន៍ម៉ាឌាន ប្រយោជន៍នឹងសំរេចសេចក្ដីសងសឹករបស់ព្រះយេហូវ៉ាទៅលើគេ
4 ត្រូវឲ្យឯងរាល់គ្នាចាត់មនុស្ស១ពាន់នាក់ ពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលឲ្យចេញទៅច្បាំង
5 ដូច្នេះគេក៏កេណ្ឌយក១ពាន់នាក់ ក្នុងគ្រប់ទាំងពូជអំបូរពីពួកអ៊ីស្រាអែលទាំងពាន់ៗ បាន១ម៉ឺន២ពាន់នាក់ ដែលកាន់គ្រឿងសំរាប់ទៅច្បាំង
6 រួចម៉ូសេចាត់គេទៅច្បាំង គឺ១ពាន់នាក់ពីគ្រប់ទាំងពូជអំបូរនោះ មានទាំងភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ នាំយកគ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសំរាប់ផ្លុំកាន់នៅដៃទៅជាមួយផង