ជនគណនា 31:48-54 KHOV

48 រួច​ពួក​ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ទាំង​ពាន់ៗ គឺ​ជា​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពួក​មេ​លើ​១០០​នាក់ គេ​ក៏​នាំ​គ្នា​ចូល​មក​ឯ​ម៉ូសេ ជំរាប​ថា

49 យើង​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​រាប់​ពួក​ពល‌ទ័ព​ដែល​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ​ទាំង​អស់​ហើយ ឥត​មាន​ខ្វះ​មនុស្ស​ណា​មួយ​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ

50 ហើយ​យើង​ខ្ញុំ​បាន​យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស ខ្សែ កង​ដៃ ចិញ្ចៀន កាវ ហើយ​នឹង​ខ្សែ​ក ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ជីវិត​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

51 ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​គេ សុទ្ធ​តែ​ជា​គ្រឿង​រចនា​ទាំង​អស់

52 ឯ​មាស​ទាំង​អស់ ដែល​គេ​បាន​ថ្វាយ ដោយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា គឺ​ដែល​ពួក​មេ​លើ​១​ពាន់​នាក់ និង​ពួក​មេ​លើ​១០០​នាក់​បាន​ថ្វាយ នោះ​មាន​ទំងន់​១​ម៉ឺន​៦​ពាន់​៧៥០​ដំឡឹង

53 ដ្បិត​ពួក​ទ័ព​បាន​ចាប់​យក​របស់​ទាំង​នោះ​ទុក​សំរាប់​ខ្លួន​គេ

54 ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពី​ពួក​មេ​លើ​១០០​នាក់ ទៅ​ទុក​ដាក់​ក្នុង​ត្រសាល​ជំនុំ ទុក​ជា​សេចក្ដី​រំឭក សំរាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។