ជនគណនា 32:27-33 KHOV

27 តែ​យើង​ខ្ញុំ​ប្របាទ​ដែល​មាន​គ្រឿង​ចំបាំង​រៀប​ជា​ស្រេច យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម្ចាស់​បាន​បង្គាប់​មក។

28 ដូច្នេះ ម៉ូសេ​ក៏​បង្គាប់​ដល់​អេលាសារ ដ៏​ជា​សង្ឃ និង​យ៉ូស្វេ ជា​កូន​នុន ព្រម​ទាំង​ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ពី​ដំណើរ​គេ

29 លោក​ប្រាប់​អ្នក​ទាំង​នោះ​ថា បើ‌សិន​ជា​ពួក​កូន​ចៅ​កាឌ់​នឹង​ពួក​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​មាន​គ្រឿង​ចំបាំង​ប្រុង​ជា​ស្រេច ដូច្នេះ កាល​ណា​ស្រុក​នោះ​បាន​ចុះ​ចាញ់​នៅ​មុខ​ឯង​រាល់​គ្នា​ហើយ នោះ​ត្រូវ​ចែក​ស្រុក​កាឡាត​នេះ​ឲ្យ​ដល់​គេ ទុក​ជា​កេរ‌អាករ​ចុះ

30 តែ​បើ​គេ​មិន​ឆ្លង​ទៅ​ជា​មួយ​ដោយ​មាន​គ្រឿង​ចំបាំង​ប្រុង​ជា​ស្រេច​ទេ នោះ​គេ​ត្រូវ​បាន​កេរ‌អាករ នៅ​កណ្តាល​ឯង​រាល់​គ្នា ក្នុង​ស្រុក​កាណាន​វិញ

31 ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​យើង​ខ្ញុំ​ប្របាទ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​តាម

32 យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​នៅ​ដៃ​ចូល​ទៅ​ក្នុង​ស្រុក​កាណាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ‌អាករ​ជា​មរដក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រដាន់ ខាង‌អាយ​នេះ​វិញ។

33 ម៉ូសេ លោក​ក៏​ឲ្យ​នគរ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​នគរ​របស់​អុក ជា​ស្តេច​បាសាន គឺ​ស្រុក​ទាំង​មូល តាម​ចំនួន​ទី​ក្រុង​គេ រហូត​ដល់​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុង នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន ហើយ​ដល់​១​ចំហៀង​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប