ជនគណនា 35:1-5 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​យេរីខូរ

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​ចែក​ទី​ក្រុង​ខ្លះ​ក្នុង​មរដក​ជា​កេរ‌អាករ​របស់​គេ​ដល់​ពួក​លេវី​ឲ្យ​នៅ​ផង ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ​ដែរ

3 ដូច្នេះ​គេ​នឹង​មាន​ទី​ក្រុង​សំរាប់​ជា​ទី​លំនៅ​របស់​គេ និង​តំបន់​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន សំរាប់​ហ្វូង​សត្វ​គេ អស់​ទាំង​របស់‌របរ និង​សត្វ​ផ្សេងៗ​ទាំង​ប៉ុន្មាន​ផង

4 ឯ​តំបន់​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​វាស់​ពី​កំផែង​ក្រុង​ទៅ​១​ពាន់​ហត្ថ​គ្រប់​ជុំវិញ

5 រួច​ត្រូវ​វាស់​ពី​ខាង​ក្រៅ​ទី​ក្រុង​ទៅ​ជា​២​ពាន់​ហត្ថ​នៅ​ទិស​ខាង​កើត ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​ត្បូង ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​លិច ហើយ​២​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ជើង មាន​ទី​ក្រុង​នៅ​ជា​កណ្តាល នោះ​នឹង​បាន​ជា​ដី​វាល​សំរាប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​សត្វ​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ។