28 ពីព្រោះត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សំដេចសង្ឃបានសុគតហើយសិន លុះក្រោយដែលសំដេចសង្ឃនោះសុគតហើយ នោះទើបនឹងត្រឡប់មកឯស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន
29 នេះជាបញ្ញត្តច្បាប់ សំរាប់ឯងរាល់គ្នា នៅគ្រប់ទីលំនៅរបស់ឯង នៅអស់ទាំងដំណតរៀងទៅ។
30 អ្នកណាដែលសំឡាប់គេ នោះត្រូវសំឡាប់វិញ ដោយពាក្យរបស់ស្មរបន្ទាល់២ ឬ៣នាក់ តែបើមានស្មរបន្ទាល់តែម្នាក់វិញ នោះនឹងធ្វើបន្ទាល់ទាស់នឹងអ្នកណាឲ្យគេត្រូវស្លាប់មិនបានទេ
31 មួយទៀត មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វី នឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសំឡាប់គេឡើយ ត្រូវសំឡាប់អ្នកនោះវិញជាកុំខាន
32 ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកអាស្រ័យក្នុងទីក្រុងពំនាក់ ឲ្យត្រឡប់មកនៅក្នុងស្រុកវិញ ដរាបដល់សង្ឃនោះបានសុគតទៅនោះដែរ
33 មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងនៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឯឈាម នោះរមែងធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយនឹងរកអ្វីឲ្យធួនស្មើនឹងស្រុក ដោយឈាមដែលបានខ្ចាយហើយនោះគ្មានទេ មានតែឈាមនៃអ្នក ដែលបានកំចាយឈាមនោះប៉ុណ្ណោះឯង
34 ដូច្នេះមិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងអាស្រ័យនៅ ហើយដែលអញនៅកណ្តាលនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ាដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល។