22 ចូររាប់ចំនួននៃពួកកូនចៅគើសុនដែរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
23 ត្រូវរាប់គេចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
24 ឯក្រសួងរបស់ពួកគ្រួសារគើសុន នោះគឺជាការបំរើ និងការលីសែងផង
25 ត្រូវឲ្យគេសែងផ្ទាំងសំពត់ទាំងប៉ុន្មាន ដែលសំរាប់រោងឧបោសថ ព្រមទាំងត្រសាលជំនុំ និងគំរបនៃត្រសាល គំរបស្បែកផ្សោតដែលគ្របពីលើ ហើយនឹងរនាំងបាំងមាត់ទ្វារត្រសាលជំនុំ
26 រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា និងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ
27 ឯក្រសួងរបស់ពួកកូនចៅគើសុន ក្នុងការលីសែង ឬការងារអ្វីក្តី នោះស្រេចនៅអើរ៉ុន និងពួកកូនលោក គឺត្រូវឲ្យលោកចាត់ចែងការរបស់គេទាំងអស់
28 នេះហើយជាក្រសួងនៃអស់ទាំងគ្រួសាររបស់ពួកកូនចៅគើសុន ក្នុងត្រសាលជំនុំ ហើយបញ្ញើដែលផ្ញើទុកនឹងគេ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។