9 ក៏ត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងដែលសំរាប់ដាក់ចង្កៀង ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ កន្ថោររងកំទេច និងដបប្រេងទាំងប៉ុន្មាន ដែលសំរាប់ការថែចង្កៀងនោះផង
10 រួចត្រូវឲ្យគេយកចង្កៀង និងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត ហើយស៊កឈើស្នែងចូល
11 ឯអាសនាមាស នោះត្រូវឲ្យក្រាលសំពត់ពណ៌ផ្ទៃមេឃនៅពីលើ ហើយគ្របដោយស្បែកផ្សោត រួចព្រហកឈើស្នែងចូលដែរ
12 ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសំរាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល
13 ត្រូវកាយផេះពីអាសនាចេញ ហើយក្រាលសំពត់ពណ៌ស្វាយពីលើ
14 ព្រមទាំងដាក់ប្រដាប់ប្រដាដែលសំរាប់ប្រើនៅអាសនានេះផង គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយព្រហកឈើស្នែងចូល
15 កាលណាអើរ៉ុន និងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។