ជនគណនា 5:18-24 KHOV

18 ត្រូវ​ឲ្យ​សង្ឃ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​បើក​ក្បាល​នៅ​ទទេ រួច​ត្រូវ​ដាក់​ជា​ដង្វាយ​រំឭក គឺ​ជា​ដង្វាយ​ខាង​ឯ​សេចក្ដី​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​នាង ហើយ​សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នោះ​នៅ​ក្នុង​ដៃ

19 រួច​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​ប្រាប់​ថា បើ​គ្មាន​ប្រុស​ដទៃ​ណា​រួម​ដំណេក​នឹង​នាង ឬ​បើ​នាង​មិន​បាន​បែរ​ទៅ​ឯ​សេចក្ដី​សៅ‌ហ្មង ដើម្បី​នឹង​ក្បត់​ប្ដី​ទេ នោះ​ឲ្យ​នាង​រួច​ពី​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ​ចុះ

20 តែ​បើ​នាង ដែល​នៅ​ក្រោម​អំណាច​ប្ដី បាន​បែរ​ចេញ​ទៅ​រួម​ដំណេក​នឹង​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្ដី​ខ្លួន ឲ្យ​មាន​សេចក្ដី​សៅ‌ហ្មង​វិញ

21 យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា រួច​នឹង​បញ្ចេញ​វាចា​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំនៀល និង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង

22 ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ នឹង​ចូល​ទៅ​ក្នុង​ពោះ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ហើយ​ឲ្យ​ភ្លៅ​នាង​រលួយ​ទៅ រួច​ស្ត្រី​នោះ​ត្រូវ​ទទួល​ថា អាម៉ែន អាម៉ែន

23 ត្រូវ​ឲ្យ​សង្ឃ​នោះ​កត់​សេចក្ដី​បណ្តាសា​ទាំង​នេះ ចុះ​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​មក​លុប​ចេញ

24 រួច​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​ទៅ ទឹក​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង