4 ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើយ៉ាងនោះ គឺគេឲ្យពួកអ្នកទាំងនោះចេញទៅក្រៅទីដំឡើងត្រសាលទៅ ដូចជាព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើសំរេចដូច្នោះ។
5 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា
6 បើកាលណាមនុស្សប្រុសឬស្រី នឹងប្រព្រឹត្តអំពើបាបទាស់នឹងអ្នកណា ទាំងប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ាផង ហើយមានទោសដូច្នោះ
7 នោះត្រូវឲ្យលន់តួបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់អ្វីៗនោះទៅវិញទាំងមូល ព្រមទាំងថែម១ភាគក្នុង៥ទៀត ឲ្យដល់អ្នកដែលខ្លួនមានទោសចំពោះគេផង
8 តែបើគ្មានអ្នកណាមានច្បាប់នឹងទទួលសំណងដែលខ្លួនសង ដើម្បីនឹងលោះបាបខ្លួននោះទេ នោះសំណងដែលសងដល់ព្រះយេហូវ៉ា ដោយព្រោះទោសខ្លួន នឹងត្រូវបានជារបស់សង្ឃវិញ ព្រមទាំងពពែឈ្មោលដែលសំរាប់ឲ្យធួននឹងបាប ដែលត្រូវថ្វាយឲ្យធួននឹងខ្លួននោះផង
9 ហើយគ្រប់ទាំងដង្វាយដែលថ្វាយដោយលើកចុះឡើង ពីដង្វាយបរិសុទ្ធនៃពួកកូនចៅអ៊ីស្រាអែល ដែលគេនាំយកមកប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោក
10 ហើយអស់ទាំងរបស់អ្វីដែលមនុស្សណានឹងញែកជាបរិសុទ្ធ គឺរបស់ណាក៏ដោយដែលមនុស្សនឹងប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោកហើយ។