10 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើសិនជាមនុស្សណាក្នុងពួកឯងរាល់គ្នា ឬក្នុងពូជដំណឯងតទៅ មានសៅហ្មងដោយខ្មោចស្លាប់ ឬគេដើរដំណើរទៅឆ្ងាយក្តី ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ
11 គឺត្រូវឲ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ ត្រូវឲ្យគេបរិភោគបុណ្យនោះជាមួយនឹងនំបុ័ងឥតដំបែរ ហើយនឹងបន្លែល្វីង
12 មិនត្រូវឲ្យទុកអ្វីដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឲ្យសោះ គឺត្រូវធ្វើតាមរបៀបបុណ្យរំលងគ្រប់ចំពូក
13 តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកដង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន
14 បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប និងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសំរាប់ទាំងអ្នកប្រទេសក្រៅ និងអ្នកកើតក្នុងស្រុកផង។
15 នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក
16 ក៏មានដូច្នោះនៅជានិច្ច គឺមានពពកគ្របរោងឧបោសថ ហើយនៅពេលយប់ មានដូចជាភ្លើងវិញ