ជនគណនា 9:13-19 KHOV

13 តែ​ឯ​មនុស្ស​ណា​ដែល​ស្អាត ឥត​មាន​ដំណើរ​ទៅ​ឯ​ណា ហើយ​ខាន​ធ្វើ​បុណ្យ​រំលង មនុស្ស​នោះ​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​វេលា​កំណត់​មនុស្ស​នោះ​នឹង​ត្រូវ​ទ្រាំទ្រ​ក្នុង​អំពើ​បាប​របស់​ខ្លួន

14 បើ‌សិន​ជា​មនុស្ស​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា គេ​ចង់​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​តាម​របៀប និង​បញ្ញត្ត​ច្បាប់​របស់​បុណ្យ​រំលង​នេះ​ចុះ មាន​ច្បាប់​តែ​១​ទេ ដែល​សំរាប់​ទាំង​អ្នក​ប្រទេស​ក្រៅ និង​អ្នក​កើត​ក្នុង​ស្រុក​ផង។

15 នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក

16 ក៏​មាន​ដូច្នោះ​នៅ​ជានិច្ច គឺ​មាន​ពពក​គ្រប​រោង​ឧបោសថ ហើយ​នៅ​ពេល​យប់ មាន​ដូច​ជា​ភ្លើង​វិញ

17 បើ​កាល​ណា​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ធ្វើ​ដំណើរ​ទៅ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ

18 ដូច្នេះ គឺ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ឈប់​ដំឡើង​ត្រសាល​នៅ បើ​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ប៉ុណ្ណា នោះ​គេ​ក៏​ចេះ​តែ​នៅ​ជា​ដរាប​ទៅ​ប៉ុណ្ណោះ​ឯង

19 កាល​ណា​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ថ្ងៃ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ឥត​មាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ទេ