អេសេគាល 1:12-18 KHOV

12 គ្រប់​គ្នា​ក៏​ហោះ​ចំ​ទៅ​ខាង​មុខ ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ តួ​ទាំង​នោះ​ក៏​ទៅ​ដែរ ឥត​ងាក​បែរ​ឡើយ

13 ឯ​ភាព​នៃ​តួ​មាន​ជីវិត​ទាំង​នោះ គឺ​មើល​ទៅ​ដូច​ជា​រងើក​ភ្លើង ហើយ​ក៏​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​នោះ​ក៏​ភ្លឺ​ចាំង ហើយ​មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មក

14 តួ​មាន​ជីវិត​ទាំង​នោះ ក៏​ហោះ​ទៅ​មក​មើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ។

15 កាល​ខ្ញុំ​កំពុង​តែ​មើល​តួ​មាន​ជីវិត​ទាំង​នោះ ខ្ញុំ​ក៏​ឃើញ​កង់​១ នៅ​លើ​ដី​ក្បែរ​តួ​មាន​ជីវិត​ទាំង​នោះ សំរាប់​មុខ​នីមួយៗ​គ្រប់​ទាំង​៤

16 ភាព​នឹង​បែប​ផែន​នៃ​កង់​ទាំង​នោះ ក៏​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​៤​មាន​រាង​ដូច​គ្នា ឯ​ភាព និង​សណ្ឋាន​វា ក៏​មើល​ទៅ​ដូច​ជា​កង់​១​នៅ​ក្នុង​កង់​១​ទៀត

17 កាល​ណា​វា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​មុខ​ឥត​បែរ​ទៅ​ខាង​ណា​ឡើយ

18 ឯ​ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​៤​នោះ មាន​ភ្នែកនៅ​ពេញ​ជុំវិញ