អេសេគាល 11:17-23 KHOV

17 ហេតុ​នោះ ចូរ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​ឯង​ពី​គ្រប់​ទាំង​ប្រទេស ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ​រួច​អញ​នឹង​ប្រគល់​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ដល់​ឯង​រាល់​គ្នា

18 នោះ​ពួក​ឯង​នឹង​មក​ឯ​ទី​នេះ​វិញ ហើយ​គេ​នឹង​ដក​យក​អស់​ទាំង​របស់​គួរ​ឆ្អើម និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ចោល​ចេញ

19 រួច​អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​១ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី នៅ​ក្នុង​ឯង​រាល់​គ្នា អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ

20 ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ​ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ

21 តែ​ត្រង់​ឯ​ពួក​អ្នក​ដែល​មាន​ចិត្ត​ប្រព្រឹត្ត​តាម​រូប​ព្រះ​គួរ​ឆ្អើម និង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​របស់​គេ នោះ​អញ​នឹង​ទំលាក់​អំពើ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

22 នោះ​ពួក​ចេរូប៊ីន​ក៏​កាង​ស្លាប​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ជា​មួយ​ដែរ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​សណ្ឋិត​ពី​លើ

23 សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យាង​ឡើង​ពី​កណ្តាល​ទី​ក្រុង ទៅ​សណ្ឋិត​លើ​ភ្នំ​នៅ​ខាង​កើត​ទី​ក្រុង