5 នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើខ្ញុំ ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរទាយចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាបាននិយាយយ៉ាងដូច្នោះ អញស្គាល់អស់ទាំងសេចក្ដីដែលកើតក្នុងគំនិតរបស់ឯងរាល់គ្នាហើយ
6 ឯងរាល់គ្នាបានសំឡាប់មនុស្ស នៅក្នុងទីក្រុងនេះ កាន់តែច្រើនឡើងក៏បានសំឡាប់គេឲ្យពេញគ្រប់ទាំងផ្លូវហើយ
7 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលឯងរាល់គ្នាបានសំឡាប់ផ្តេកនៅកណ្តាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកឯងរាល់គ្នា អញនឹងនាំចេញទៅក្រៅ
8 ឯងរាល់គ្នាបានខ្លាចដាវ ដូច្នេះ អញនឹងនាំដាវមកលើឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9 អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង
10 ឯងរាល់គ្នានឹងត្រូវដួលដោយដាវ អញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែល នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
11 ទីក្រុងនេះនឹងមិនបានជាថ្លាងដល់ឯងរាល់គ្នាឡើយ ឯងរាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺអញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែលវិញ