10 ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅដល់ចៅហ្វាយនៃក្រុងយេរូសាឡិម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ
11 ចូរប្រាប់ថា ខ្ញុំជាទីសំគាល់ដល់អ្នករាល់គ្នាឯងការដែលខ្ញុំបានធ្វើនេះ នោះនឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង
12 គ្រានោះ ចៅហ្វាយដែលនៅកណ្តាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត គេនឹងជីកទំលុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ
13 អញនឹងលាតមងអញទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់អញ អញនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែលោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
14 អញនឹងកំចាត់កំចាយពួកអ្នកដែលនៅជុំវិញលោក និងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចអញនឹងហូតដាវទៅតាមក្រោយគេ
15 ដូច្នេះ កាលណាអញបានបែងចែកគេ ទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបានកំចាត់កំចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
16 ប៉ុន្តែអញនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់អត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។