16 ប៉ុន្តែអញនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់អត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17 ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា
18 កូនមនុស្សអើយ ចូរស៊ីអាហារឯងដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ
19 រួចចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកក្រុងយេរូសាឡិម និងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ
20 អស់ទាំងទីក្រុងដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
21 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
22 កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលឯងរាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងការជាក់ស្តែងក៏ខានមាន