1 ព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរទាយទាស់នឹងពួកហោរានៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ទាយ ហើយប្រាប់ដល់ពួកអ្នកដែលទាយចេញពីចិត្តខ្លួនគេចុះ ដោយពាក្យថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា
3 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ វេទនាដល់ពួកហោរាល្ងីល្ងើ ដែលទាយតាមតែចិត្តរបស់ខ្លួន ឥតមានឃើញអ្វីឡើយ
4 ឱពួកអ៊ីស្រាអែលអើយ ពួកហោរារបស់ឯងបានធ្វើដូចជាឆ្កែចចក នៅទីចោលស្ងាត់
5 ឯងរាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទំលាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចំបាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ
6 គេបានឃើញសេចក្ដីភូតភរ និងពាក្យទំនាយកុហក ហើយក៏ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល តែព្រះយេហូវ៉ាទ្រង់មិនបានចាត់គេសោះ ហើយគេធ្វើឲ្យមនុស្សសង្ឃឹមថា ពាក្យនោះនឹងបានសំរេចជាពិត