19 ឯងរាល់គ្នាបានបន្ទាបបន្ថោកអញ នៅកណ្តាលរាស្ត្រអញ ឲ្យតែបានស្រូវឱក១កំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសំឡាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅវិញ ដោយឯងកុហកដល់រាស្ត្រអញ ដែលស្តាប់តាមសេចក្ដីកុហកនោះឬអី។
20 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញទាស់នឹងកែបកំណល់របស់ឯងរាល់គ្នា ដែលឯងប្រើសំរាប់ដេញតាមព្រលឹងមនុស្ស ឲ្យហើរទៅទាក់ជាប់នោះ អញនឹងហែកចេញពីដៃឯងរាល់គ្នាវិញ ហើយនឹងលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលឯងរាល់គ្នាបានរកដេញតាម ឲ្យហើរទៅទាក់ជាប់នោះឯង
21 អញនឹងហែកស្បៃរបស់ឯងរាល់គ្នាដែរ ព្រមទាំងជួយឲ្យរាស្ត្រអញរួចពីកណ្តាប់ដៃឯងរាល់គ្នាផង នោះគេនឹងមិននៅក្នុងកណ្តាប់ដៃឯងរាល់គ្នា ឲ្យឯងដេញចាប់ទៀតឡើយ ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
22 ហើយដោយព្រោះឯងរាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិត ដោយសេចក្ដីកំភូត ជាពួកអ្នកដែលអញមិនបានឲ្យព្រួយចិត្តសោះ ហើយឯងបានចំរើនកំឡាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឲ្យគេលះចោលផ្លូវអាក្រក់របស់ខ្លួន ឲ្យបានសង្គ្រោះរួចជីវិតវិញឡើយ
23 ហេតុនោះ ឯងរាល់គ្នានឹងមិនឃើញការជាក់ស្តែងកំភូត ឬទាយទំនាយទៀតឡើយ ហើយអញនឹងជួយរាស្ត្រអញឲ្យរួចពីកណ្តាប់ដៃរបស់ឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។