អេសេគាល 13:6-12 KHOV

6 គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សំរេច​ជា​ពិត

7 ការ​ដែល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តែ​អញ​មិន​បាន​ពោល​សោះ នោះ​តើ​មិន​មែន​ជា​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​នឹង​ទាយ​កុហក​ទេ​ឬ​អី។

8 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បញ្ចេញ​សេចក្ដី​កំភូត ហើយ​ឃើញ​ពាក្យ​កុហក​ដូច្នេះ បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ឯង​រាល់​គ្នា​ហើយ

9 ដៃ​អញ​ក៏​ទាស់​នឹង​ពួក​ហោរា ដែល​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​ដែល​ទាយ​សេចក្ដី​កុហក​នោះ គេ​នឹង​មិន​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​រាស្ត្រ​អញ​ឡើយ ក៏​មិន​បាន​កត់​ទុក​ក្នុង​បញ្ជីនៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឬ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត

10 ពី​ព្រោះ គឺ​ពី​ព្រោះ​តែ​គេ​បាន​លួង‌លោម​បញ្ឆោត​រាស្ត្រ​អញ ដោយ​ចេញ​ពាក្យ​ថា «សន្តិ‌សុខ» តែ​គ្មាន​សេចក្ដី​សន្តិ‌សុខ​សោះ​ប៉ុណ្ណោះ​ឯង រាស្ត្រ​អញ​ធ្វើ​កំផែង​ឡើង តែ​ចំណែក​គេៗ​បូក​ដោយ​ល្បាប់​វិញ

11 ចូរ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បូក​ដោយ​ល្បាប់​នោះ​ថា កំផែង​នោះ​នឹង​រលំ​ទៅ ដោយ​មាន​ភ្លៀង​រំលា ហើយ​ឯង ឱ​គ្រាប់​ព្រិល​យ៉ាង​ធំ​អើយ ឯង​នឹង​ធ្លាក់​មក ក៏​នឹង​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បំបាក់​រលំ​កំផែង​ទៅ

12 ដូច្នេះ កាល​ណា​កំផែង​បាន​រលំ​ហើយ នោះ​តើ​គេ​មិន​សួរ​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា ល្បាប់​ដែល​ឯង​រាល់​គ្នា​បាន​បូក​នោះ តើ​នៅ​ឯ​ណា