7 ការដែលឯងរាល់គ្នាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តែអញមិនបានពោលសោះ នោះតើមិនមែនជាឃើញការជាក់ស្តែងកំភូត ហើយនឹងទាយកុហកទេឬអី។
8 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាបញ្ចេញសេចក្ដីកំភូត ហើយឃើញពាក្យកុហកដូច្នេះ បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញទាស់នឹងឯងរាល់គ្នាហើយ
9 ដៃអញក៏ទាស់នឹងពួកហោរា ដែលឃើញការជាក់ស្តែងកំភូត ហើយដែលទាយសេចក្ដីកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់រាស្ត្រអញឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជីនៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត
10 ពីព្រោះ គឺពីព្រោះតែគេបានលួងលោមបញ្ឆោតរាស្ត្រអញ ដោយចេញពាក្យថា «សន្តិសុខ» តែគ្មានសេចក្ដីសន្តិសុខសោះប៉ុណ្ណោះឯង រាស្ត្រអញធ្វើកំផែងឡើង តែចំណែកគេៗបូកដោយល្បាប់វិញ
11 ចូរប្រាប់ដល់ពួកអ្នកដែលបូកដោយល្បាប់នោះថា កំផែងនោះនឹងរលំទៅ ដោយមានភ្លៀងរំលា ហើយឯង ឱគ្រាប់ព្រិលយ៉ាងធំអើយ ឯងនឹងធ្លាក់មក ក៏នឹងមានខ្យល់ព្យុះយ៉ាងខ្លាំងបំបាក់រលំកំផែងទៅ
12 ដូច្នេះ កាលណាកំផែងបានរលំហើយ នោះតើគេមិនសួរឯងរាល់គ្នាទេឬអីថា ល្បាប់ដែលឯងរាល់គ្នាបានបូកនោះ តើនៅឯណា
13 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់អញ ហើយនឹងមានភ្លៀងរំលាដោយសេចក្ដីកំហឹងរបស់អញ ព្រមទាំងគ្រាប់ព្រិលយ៉ាងធំ ដោយសេចក្ដីឃោរឃៅរបស់អញ ដើម្បីនឹងបំផ្លាញបង់