អេសេគាល 14:1-6 KHOV

1 គ្រា​នោះ មាន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​មក​ឯ​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ

2 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

3 កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​ខ្លួន ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​អញ​ឬ​អី

4 ចូរ​ឯង​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​អស់​អ្នក​ណា​នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ដែល​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ហើយ​ដាក់​ហេតុ​ចំពប់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ដូច្នេះ រួច​មក​រក​ហោរា នោះ​អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា នឹង​ឆ្លើយ​ដល់​គេ​តាម​ចំនួន​រូប​ព្រះ​របស់​គេ​វិញ

5 ដើម្បី​ឲ្យ​អញ​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់‌ប្រាស​ពី​អញ ដោយ‌សារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។

6 ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​រាល់​គ្នា​ចុះ