12 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
13 កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងអញ ដោយប្រព្រឹត្តរំលងអ្វី រួចអញលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានសេចក្ដីអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះផង
14 នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ទោះបើមនុស្សទាំង៣នាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ
15 បើកាលណាអញឲ្យសត្វកំណាចមកនៅក្នុងស្រុកនោះ ហើយវាសំឡាប់មនុស្សទៅ ឲ្យស្រុកនោះនៅជាស្ងាត់ច្រៀប ដល់ម៉្លេះបានជាឥតមានអ្នកណាហ៊ានដើរតាមនោះឡើយ ដោយព្រោះសត្វទាំងនោះឯង
16 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ
17 ឬបើសិនជាអញនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយអញកាត់ទាំងមនុស្សនឹងសត្វចេញពីនោះផង
18 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ