អេសេគាល 14:14-20 KHOV

14 នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល និង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ

15 បើ​កាល​ណា​អញ​ឲ្យ​សត្វ​កំណាច​មក​នៅ​ក្នុង​ស្រុក​នោះ ហើយ​វា​សំឡាប់​មនុស្ស​ទៅ ឲ្យ​ស្រុក​នោះ​នៅ​ជា​ស្ងាត់‌ច្រៀប ដល់​ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​នោះ​ឡើយ ដោយ​ព្រោះ​សត្វ​ទាំង​នោះ​ឯង

16 នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន​ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ តែ​ឯ​ស្រុក​នោះ​នឹង​ត្រូវ​ចោល​ស្ងាត់​វិញ

17 ឬ​បើ‌សិន​ជា​អញ​នាំ​ដាវ​មក​លើ​ស្រុក​នោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ចុះ ហើយ​អញ​កាត់​ទាំង​មនុស្ស​នឹង​សត្វ​ចេញ​ពី​នោះ​ផង

18 នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​៣​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

19 ឬ​បើ‌សិន​ជា​អញ​នឹង​ចាត់​ប្រើ​អាសន្ន‌រោគ​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ចេញ​ទៅ​លើ​ស្រុក​នោះ ដោយ​កំចាយ​ឈាម ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង

20 នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​ណូអេ ដានី‌យ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ស្រុក​នោះ​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ព្រលឹង​របស់​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ។