16 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួនឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ តែឯស្រុកនោះនឹងត្រូវចោលស្ងាត់វិញ
17 ឬបើសិនជាអញនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយអញកាត់ទាំងមនុស្សនឹងសត្វចេញពីនោះផង
18 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើមនុស្សទាំង៣នាក់នោះនៅក្នុងស្រុកក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ រួចបានតែខ្លួនគេប៉ុណ្ណោះ
19 ឬបើសិនជាអញនឹងចាត់ប្រើអាសន្នរោគទៅក្នុងស្រុកនោះ ហើយចាក់សេចក្ដីឃោរឃៅរបស់អញចេញទៅលើស្រុកនោះ ដោយកំចាយឈាម ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង
20 នោះព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើណូអេ ដានីយ៉ែល និងយ៉ូបបាននៅក្នុងស្រុកនោះក៏ដោយ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានព្រលឹងរបស់ខ្លួនឲ្យរួចប៉ុណ្ណោះ។
21 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញចាត់ប្រើសេចក្ដីវេទនាទាំង៤យ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់អត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត
22 ប៉ុន្តែមើល នឹងមានសំណល់សល់នៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងប្រុសទាំងស្រី មើល គេនឹងចេញមកឯឯងរាល់គ្នា នោះឯងនឹងឃើញផ្លូវ និងអំពើរបស់គេ រួចឯងនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលអញបានទំលាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលអញបាននាំទៅលើក្រុងនោះ