អេសេគាល 14:19-23 KHOV

19 ឬ​បើ‌សិន​ជា​អញ​នឹង​ចាត់​ប្រើ​អាសន្ន‌រោគ​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ចេញ​ទៅ​លើ​ស្រុក​នោះ ដោយ​កំចាយ​ឈាម ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង

20 នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​ណូអេ ដានី‌យ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ស្រុក​នោះ​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ព្រលឹង​របស់​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ។

21 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​ចាត់​ប្រើ​សេចក្ដី​វេទនា​ទាំង​៤​យ៉ាង​នេះ ទៅ​លើ​ក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់​អត់ ជា​សត្វ​សាហាវ និង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អម្បាលម៉ាន​ទៅ​ទៀត

22 ប៉ុន្តែ​មើល នឹង​មាន​សំណល់​សល់​នៅ​ក្នុង​ក្រុង​នោះ គេ​នឹង​ត្រូវ​នាំ​ចេញ​មក ទាំង​ប្រុស​ទាំង​ស្រី មើល គេ​នឹង​ចេញ​មក​ឯ​ឯង​រាល់​គ្នា នោះ​ឯង​នឹង​ឃើញ​ផ្លូវ និង​អំពើ​របស់​គេ រួច​ឯង​នឹង​បាន​ក្សាន្ត​ចិត្ត ពី​ដំណើរ​ការ​អាក្រក់ ដែល​អញ​បាន​ទំលាក់​ទៅ​លើ​ក្រុង​យេរូ‌សាឡិម គឺ​ពី​គ្រប់​ទាំង​ការ​ដែល​អញ​បាន​នាំ​ទៅ​លើ​ក្រុង​នោះ

23 គេ​នឹង​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា ដោយ​ឯង​ឃើញ​ផ្លូវ និង​អំពើ​ដែល​គេ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ហើយ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ការ​ដែល​អញ​បាន​ធ្វើ​ដល់​គេ នោះ​មិន​មែន​ដោយ​ឥត​ហេតុ​ទេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។