អេសេគាល 16:15-21 KHOV

15 ប៉ុន្តែ​ឯង​បាន​ទុក​ចិត្ត​នឹង​រូប​លំអ​របស់​ឯង ហើយ​បាន​ធ្វើ​ជា​ស្រី​សំផឹង ដោយ​ព្រោះ​ល្បី​ឈ្មោះ​នោះ ក៏​បាន​ត្រូវ​ការ​នឹង​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ឯង ឯង​បាន​សំរាប់​ជា​របស់​គេ​ហើយ

16 ឯង​បាន​យក​សំលៀក‌បំពាក់​របស់​ឯង​ទៅ ធ្វើ​ជា​ទី​ខ្ពស់​តាក់‌តែង​ដោយ​ពណ៌​ផ្សេងៗ រួច​បាន​ភប់‌ប្រសព្វ​នឹង​គេ​នៅ​លើ​ទី​នោះ ជា​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ ហើយ​ទៅ​មុខ​ក៏​នឹង​ឥត​មាន​ដែរ

17 ឯង​ក៏​យក​គ្រឿង​លំអ​របស់​ឯង ដែល​ធ្វើ​ពី​មាស និង​ប្រាក់​របស់​អញ ជា​គ្រឿង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​ឯង​បាន​ភប់‌ប្រសព្វ​នឹង​រូប​នោះ​ដែរ

18 ឯង​បាន​យក​សំលៀក‌បំពាក់​ប៉ាក់​របស់​ឯង ទៅ​តែង​ឲ្យ​វា ព្រម​ទាំង​តាំង​ប្រេង និង​កំញាន​របស់​អញ​នៅ​មុខ​វា

19 ឯ​អាហារ​ដែល​អញ​បាន​ឲ្យ​ដល់​ឯង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង និង​ទឹក​ឃ្មុំ​នោះ ដែល​អញ​ឲ្យ​សំរាប់​ចិញ្ចឹម​ឯង នោះ​ឯង​បាន​ថ្វាយ​នៅ​ចំពោះ​រូប​ទាំង​នោះ សំរាប់​ជា​ក្លិន​ឈ្ងុយ​វិញ គឺ​យ៉ាង​នោះ​ដែល​ឯង​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

20 មួយ​ទៀត ឯង​បាន​យក​កូន​ប្រុស​ស្រី​ឯង ដែល​បាន​បង្កើត​ឲ្យ​អញ ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ​ផង ដូច្នេះ តើ​ការ​កំផិត​របស់​ឯង ជា​ការ​យ៉ាង​ស្រាល​ឬ

21 បាន​ជា​ឯង​សំឡាប់​កូន​អញ ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង​ថ្វាយ​ដល់​រូប​ទាំង​នោះ​ទៀត