អេសេគាល 16:36-42 KHOV

36 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​ឯង​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​ឯង ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ​ឯង ដោយ​ព្រោះ​គ្រប់​អស់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​ឯង និង​ឈាម​របស់​កូន​ចៅ​ឯង​ដែល​ឯង​បាន​ថ្វាយ​ដល់​វា

37 នោះ​មើល អញ​នឹង​ប្រមូល​ពួក​សហាយ​ឯង ដែល​ឯង​បាន​ត្រេក‌អរ​ជា​មួយ​គ្នា និង​ពួក​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ស្រឡាញ់​នោះ ព្រម​ទាំង​ពួក​ដែល​ឯង​បាន​ស្អប់​ផង អើ អញ​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស រួច​អញ​នឹង​បើក​កេរ‌ខ្មាស​ឯង​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់

38 នោះ​អញ​នឹង​ជំនុំ‌ជំរះ​ឯង ដូច​ជា​គួរ​ជំនុំ‌ជំរះ​ដល់​ស្រី​ដែល​ផិត​ប្ដី ហើយ​កំចាយ​ឈាម​ផង អញ​នឹង​ទំលាក់​ឈាម​ទៅ​លើ​ឯង ដោយ​សេចក្ដី​ក្រោធ និង​សេចក្ដី​ប្រចណ្ឌ

39 អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​ឯង ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​ឯង​ដែរ គេ​នឹង​បក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​កាន់​យក​គ្រឿង​លំអ​របស់​ឯង ព្រម​ទាំង​ចោល​ឯង​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ

40 គេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​ឯង និង​ចោល​ឯង​ដោយ​ថ្ម ហើយ​ចាក់​ទំលុះ​ឯង​ដោយ​ដាវ

41 រួច​គេ​នឹង​ដុត​ផ្ទះ​ឯង​ចោល ហើយ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ឯង​លែង​ប្រព្រឹត្ត​ការ​សំផឹង ហើយ​ឯង​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ

42 គឺ​យ៉ាង​នោះ ដែល​អញ​នឹង​សំរាក​សេចក្ដី​ក្រោធ​អញ ចំពោះ​ឯង ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​អញ នឹង​ថយ​ចេញ​ពី​ចំពោះ​ឯង​ទៅ នោះ​អញ​នឹង​ស្ងៀម​នៅ​វិញ ឥត​មាន​សេចក្ដី​កំហឹង​ទៀត