អេសេគាល 16:39-45 KHOV

39 អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​ឯង ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​ឯង​ដែរ គេ​នឹង​បក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​កាន់​យក​គ្រឿង​លំអ​របស់​ឯង ព្រម​ទាំង​ចោល​ឯង​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ

40 គេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​ឯង និង​ចោល​ឯង​ដោយ​ថ្ម ហើយ​ចាក់​ទំលុះ​ឯង​ដោយ​ដាវ

41 រួច​គេ​នឹង​ដុត​ផ្ទះ​ឯង​ចោល ហើយ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ឯង​លែង​ប្រព្រឹត្ត​ការ​សំផឹង ហើយ​ឯង​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ

42 គឺ​យ៉ាង​នោះ ដែល​អញ​នឹង​សំរាក​សេចក្ដី​ក្រោធ​អញ ចំពោះ​ឯង ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​អញ នឹង​ថយ​ចេញ​ពី​ចំពោះ​ឯង​ទៅ នោះ​អញ​នឹង​ស្ងៀម​នៅ​វិញ ឥត​មាន​សេចក្ដី​កំហឹង​ទៀត

43 អញ​នឹង​ទំលាក់​អំពើ​របស់​ឯង​ទៅ​លើ​ក្បាល​ឯង​វិញ ដោយ​ព្រោះ​ឯង​មិន​បាន​នឹក​ពី​កាល​ឯង​នៅ​ក្មេង​ទេ គឺ​បាន​ចាក់‌រុក​អញ ដោយ‌សារ​អំពើ​ទាំង​នោះ​ឯង យ៉ាង​នោះ​ឯង​នឹង​មិន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​នេះ ព្រម​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង​ទៀត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

44 មើល អស់​អ្នក​ណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភាសិត​គេ​នឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​ឯង​ថា ម្តាយ​យ៉ាង​ណា​កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ

45 ឯង​ជា​កូន​ស្រី​របស់​ម្តាយ​ឯង​ដែល​បាន​ស្អប់​ប្ដី និង​កូន​ខ្លួន ឯង​ក៏​ជា​ប្អូន​ស្រី​របស់​ពួក​បង​ប្អូន​ស្រី​ឯង ដែល​គេ​បាន​ស្អប់​ប្ដី និង​កូន​គេ​ដែរ ម្តាយ​ឯង​ជា​សាសន៍​ហេត ហើយ​ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី