45 ឯងជាកូនស្រីរបស់ម្តាយឯងដែលបានស្អប់ប្ដី និងកូនខ្លួន ឯងក៏ជាប្អូនស្រីរបស់ពួកបងប្អូនស្រីឯង ដែលគេបានស្អប់ប្ដី និងកូនគេដែរ ម្តាយឯងជាសាសន៍ហេត ហើយឪពុកឯងជាសាសន៍អាម៉ូរី
46 បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះ និងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម និងកូនស្រីរបស់គេ
47 ប៉ុន្តែឯងមិនបានដើរតាមផ្លូវគេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺឯងបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់ឯងទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ
48 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាសូដុំម ជាប្អូនឯង ព្រមទាំងកូនផងមិនបានប្រព្រឹត្តដូចជាឯង នឹងកូនស្រីរបស់ឯងទេ
49 មើលឯអំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះគឺមានសេចក្ដីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចំរើន ឥតដែលចំរើនកំឡាំងដៃនៃពួកក្រីក្រ និងមនុស្សកំសត់ទុគ៌តឡើយ
50 គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ
51 ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្តាលនៃអំពើបាបរបស់ឯងដែរ គឺឯងបានចំរើនអំពើគួរស្អប់ខ្ពើមរបស់ឯង ជាច្រើនជាងគេទៅទៀត ហើយឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលឯងបានប្រព្រឹត្តនោះ