50 គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ
51 ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្តាលនៃអំពើបាបរបស់ឯងដែរ គឺឯងបានចំរើនអំពើគួរស្អប់ខ្ពើមរបស់ឯង ជាច្រើនជាងគេទៅទៀត ហើយឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលឯងបានប្រព្រឹត្តនោះ
52 ឯឯងដែលបានថ្កោលទោសបងប្អូនស្រីឯង ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងឯងវិញដោយព្រោះអំពើបាបដែលឯងបានប្រព្រឹត្ត ឲ្យគួរស្អប់ខ្ពើមជាងគេនោះ អើ ចូរឲ្យឯងជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតវិញ។
53 អញនឹងនាំពួកគេ ដែលនៅជាឈ្លើយ ឲ្យមកវិញ គឺសូដុំម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកឯងទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្តាលគេផង
54 ដើម្បីឲ្យឯងបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះដោយឯងជាទីកំសាន្តចិត្តដល់គេ
55 ឯប្អូនស្រីឯង គឺសូដុំម និងកូនស្រីវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួន ហើយសាម៉ារី និងកូនវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួនវិញ ចំណែកឯង និងកូនឯង ក៏នឹងវិលត្រឡប់ទៅដូចជាសណ្ឋានដើមរបស់ឯងរាល់គ្នាដែរ
56 ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់ឯង នោះឈ្មោះសូដុំមជាប្អូនស្រីឯង មិនបានចេញពីមាត់ឯងឡើយ