11 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
12 ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើឯងរាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬអី ចូរប្រាប់គេថា មើលស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន
13 នោះក៏រើសយកពូជស្តេច១អង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ រួចបានដឹកនាំពួកអ្នកខ្លាំងពូកែ ក្នុងស្រុកចេញទៅ
14 ដើម្បីឲ្យរាជ្យនោះបានទាបថោក ឥតដែលងើបឡើងទៀតបានឡើយ តែឲ្យបានជាប់នៅ ដោយការរក្សាសញ្ញានោះ
15 ប៉ុន្តែ ស្តេចយើងបានបះបោរនឹងទ្រង់វិញ ដោយចាត់រាជទូតទៅឯស្រុកអេស៊ីព្ទ ដើម្បីឲ្យគេបានឲ្យសេះ និងពលទ័ពមកជាច្រើន ដូច្នេះ តើនឹងចំរើនឡើងបានឬ តើអ្នកណាដែលប្រព្រឹត្តដូច្នេះនឹងរួចខ្លួនឬ តើនឹងអាចផ្តាច់សេចក្ដីសញ្ញា ហើយរួចខ្លួនបានឬ
16 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាស្តេចយើង នឹងត្រូវស្លាប់ នៅកន្លែងនៃស្តេច ដែលបានតាំងទ្រង់ឡើង ឲ្យសោយរាជ្យដែលទ្រង់បានមើលងាយពាក្យសម្បថ ហើយផ្តាច់សេចក្ដីសញ្ញារបស់ស្តេចនោះបង់ គឺនឹងត្រូវស្លាប់ នៅកណ្តាលក្រុងបាប៊ីឡូនជិតស្តេចនោះឯង
17 ហើយផារ៉ោន និងពលទ័ពដ៏ខ្លាំងពូកែនឹងមិនមកជួយក្នុងចំបាំង ដោយមានគ្នាសន្ធឹករបស់ទ្រង់ ក្នុងកាលដែលគេជីកស្នាមភ្លោះ ហើយធ្វើប៉មបុកទំលាយកំផែងឡើង ដើម្បីនឹងកាត់ជីវិតមនុស្សជាច្រើនចេញនោះដែរ