អេសេគាល 17:15-21 KHOV

15 ប៉ុន្តែ ស្តេច​យើង​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នេះ​នឹង​រួច​ខ្លួន​ឬ តើ​នឹង​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ

16 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​យើង នឹង​ត្រូវ​ស្លាប់ នៅ​កន្លែង​នៃ​ស្តេច ដែល​បាន​តាំង​ទ្រង់​ឡើង ឲ្យ​សោយ‌រាជ្យ​ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ​បង់ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្តាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ​ឯង

17 ហើយ​ផារ៉ោន និង​ពល‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នឹង​មិន​មក​ជួយ​ក្នុង​ចំបាំង ដោយ​មាន​គ្នា​សន្ធឹក​របស់​ទ្រង់ ក្នុង​កាល​ដែល​គេ​ជីក​ស្នាម​ភ្លោះ ហើយ​ធ្វើ​ប៉ម​បុក​ទំលាយ​កំផែង​ឡើង ដើម្បី​នឹង​កាត់​ជីវិត​មនុស្ស​ជា​ច្រើន​ចេញ​នោះ​ដែរ

18 ដ្បិត​ស្តេច​យើង​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ ហើយ​មើល ទ្រង់​ក៏​ចាប់​ដៃ​ស្បថ​ផង តែ​បាន​ធ្វើ​ការ​យ៉ាង​ដូច្នេះ​វិញ ដូច្នេះ តើ​នឹង​រួច​ខ្លួន​ឬ

19 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​ទំលាក់​ពាក្យ​សម្បថ​របស់​អញ ដែល​វា​បាន​មើល‌ងាយ និង​សេចក្ដី​សញ្ញា​របស់​អញ ដែល​វា​បាន​ផ្តាច់​ចេញ​នោះ ទៅ​លើ​ក្បាល​វា​វិញ

20 អញ​នឹង​លាត​មង​អញ​ទៅ​លើ​វា នោះ​វា​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​អញ អញ​នឹង​នាំ​វា​ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​គ្នា​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​វា​បាន​ប្រព្រឹត្ត​នឹង​អញ

21 ឯ​អស់​ពួក​អ្នក​ក្នុង​កង‌ទ័ព​វា​ដែល​រត់​រួច គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ឯ​ពួក​អ្នក​ដែល​សល់​នៅ គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។