19 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងទំលាក់ពាក្យសម្បថរបស់អញ ដែលវាបានមើលងាយ និងសេចក្ដីសញ្ញារបស់អញ ដែលវាបានផ្តាច់ចេញនោះ ទៅលើក្បាលវាវិញ
20 អញនឹងលាតមងអញទៅលើវា នោះវានឹងត្រូវជាប់នៅក្នុងអន្ទាក់របស់អញ អញនឹងនាំវាទៅឯក្រុងបាប៊ីឡូន ហើយនឹងមានរឿងគ្នានៅទីនោះ ដោយព្រោះអំពើរំលងដែលវាបានប្រព្រឹត្តនឹងអញ
21 ឯអស់ពួកអ្នកក្នុងកងទ័ពវាដែលរត់រួច គេនឹងត្រូវដួលដោយដាវ ឯពួកអ្នកដែលសល់នៅ គេនឹងត្រូវខ្ចាត់ខ្ចាយទៅគ្រប់ទិស នោះឯងរាល់គ្នានឹងដឹងថា អញនេះ គឺយេហូវ៉ា អញបានចេញវាចាហើយ។
22 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងកាច់យកចុងដើមតាត្រៅយ៉ាងខ្ពស់ ទៅដាំចុះ អញនឹងកាច់យកលំពង់១យ៉ាងទន់ ពីចុងបំផុតរបស់ដើមនោះទៅដាំនៅលើភ្នំយ៉ាងខ្ពស់ស្រឡេត
23 គឺអញនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល ដើមនោះនឹងបោះមែក ហើយកើតផល ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ ឯអស់ទាំងសត្វស្លាបគ្រប់មុខ នឹងជ្រកនៅក្រោម ហើយធ្វើសំបុកនៅក្រោមម្លប់នៃមែកវា
24 ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ អញបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញគឺអញ យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះផង។