7 មានសត្វឥន្ទ្រីធំ១ទៀតមានស្លាបច្រើន ហើយចំអេងស្លាបយ៉ាងធំ រីឯដើមទំពាំងបាយជូរ នោះបានបត់ឫសពីដីដែលដាំនោះទៅខាងវាវិញ ហើយបោះមែកចេញទៅខាងវាដែរ ដើម្បីឲ្យវាបានស្រោចទឹក
8 ដើមនោះបានដាំក្នុងដីល្អនៅក្បែរទឹកធំ ដើម្បីឲ្យបានបែកខ្នែង ហើយកើតផលផ្លែ ប្រយោជន៍ឲ្យបានជាដើមទំពាំងបាយជូរយ៉ាងល្អ
9 ត្រូវឲ្យឯងថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើដើមនោះនឹងចំរើនឡើងបានឬ តើឥន្ទ្រីមុននោះមិនដករំលើងទាំងឫស ហើយកាត់ផ្លែចេញ ឲ្យបានស្វិតទៅ ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬអី ឥតចាំមានដៃខ្លាំងពូកែ ឬមនុស្សជាច្រើន ដើម្បីនឹងដករំលីងទាំងឫសផងឡើយ
10 អើ មើល ដែលបានដាំដូច្នេះហើយ តើនឹងចំរើនឡើងបានឬ តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើតបក់មកប៉ះត្រូវទេឬអី អើ នឹងត្រូវស្វិតក្រៀមទៅ នៅកន្លែងដែលដុះនោះឯង។
11 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
12 ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើឯងរាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬអី ចូរប្រាប់គេថា មើលស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន
13 នោះក៏រើសយកពូជស្តេច១អង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ រួចបានដឹកនាំពួកអ្នកខ្លាំងពូកែ ក្នុងស្រុកចេញទៅ