អេសេគាល 17:8-14 KHOV

8 ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ

9 ត្រូវ​ឲ្យ​ឯង​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​ឥន្ទ្រី​មុន​នោះ​មិន​ដក​រំលើង​ទាំង​ឫស ហើយ​កាត់​ផ្លែ​ចេញ ឲ្យ​បាន​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ​អី ឥត​ចាំ​មាន​ដៃ​ខ្លាំង​ពូកែ ឬ​មនុស្ស​ជា​ច្រើន ដើម្បី​នឹង​ដក​រំលីង​ទាំង​ឫស​ផង​ឡើយ

10 អើ មើល ដែល​បាន​ដាំ​ដូច្នេះ​ហើយ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត​បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ​អី អើ នឹង​ត្រូវ​ស្វិត​ក្រៀម​ទៅ នៅ​កន្លែង​ដែល​ដុះ​នោះ​ឯង។

11 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

12 ចូរ​សួរ​ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ​ថា តើ​ឯង​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ​អី ចូរ​ប្រាប់​គេ​ថា មើល​ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា​មួយ​ដល់​ក្រុង​បាប៊ី‌ឡូន

13 នោះ​ក៏​រើស​យក​ពូជ​ស្តេច​១​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ រួច​បាន​ដឹក‌នាំ​ពួក​អ្នក​ខ្លាំង​ពូកែ ក្នុង​ស្រុក​ចេញ​ទៅ

14 ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ឥត​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ តែ​ឲ្យ​បាន​ជាប់​នៅ ដោយ​ការ​រក្សា​សញ្ញា​នោះ