អេសេគាល 18:13-19 KHOV

13 បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កំរៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។

14 ប៉ុន្តែ មើល បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារណា​ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ឡើយ

15 គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន

16 ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សំលៀក‌បំពាក់

17 ក៏​ដក​ដៃ​ចេញ​ពី​អ្នក​ក្រីក្រ ហើយ​មិន​បាន​យក​ការ ឬ​កំរៃ​អ្វី​ឡើយ គឺ​បាន​សំរេច​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​រស់​នៅ​ជា​ពិត​វិញ

18 តែ​ឯ​ចំណែក​ឪពុក​វា នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ ដោយ​ព្រោះ​បាន​សង្កត់‌សង្កិន​យ៉ាង​កំណាច ហើយ​បាន​ប្លន់​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​ការ​ដែល​មិន​ល្អ​ផង នៅ​កណ្តាល​សាសន៍​ខ្លួន​ហើយ។

19 ប៉ុន្តែ​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ កាល​ណា​កូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ព្រម​ទាំង​រក្សា​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង នោះ​វា​នឹង​រស់​នៅ​ជា​ពិត​វិញ