អេសេគាល 18:17-23 KHOV

17 ក៏​ដក​ដៃ​ចេញ​ពី​អ្នក​ក្រីក្រ ហើយ​មិន​បាន​យក​ការ ឬ​កំរៃ​អ្វី​ឡើយ គឺ​បាន​សំរេច​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​រស់​នៅ​ជា​ពិត​វិញ

18 តែ​ឯ​ចំណែក​ឪពុក​វា នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ ដោយ​ព្រោះ​បាន​សង្កត់‌សង្កិន​យ៉ាង​កំណាច ហើយ​បាន​ប្លន់​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​ការ​ដែល​មិន​ល្អ​ផង នៅ​កណ្តាល​សាសន៍​ខ្លួន​ហើយ។

19 ប៉ុន្តែ​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ កាល​ណា​កូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ព្រម​ទាំង​រក្សា​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង នោះ​វា​នឹង​រស់​នៅ​ជា​ពិត​វិញ

20 ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់ កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​នៅ​លើ​អ្នក​នោះ​ឯង ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត​នោះ​ឯង​ដែរ។

21 តែ​ឯ​មនុស្ស​ទុច្ចរិត បើ​បែរ​ចេញ​ពី​អស់​ទាំង​អំពើ​បាប ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹង​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ឡើយ

22 ឯ​អំពើ​រំលង​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​នឹង​មិន​នឹក​ចាំ​បទ​ណា​មួយ​ទាស់​នឹង​គេ​ទេ គឺ​គេ​នឹង​រស់​នៅ ដោយ​សេចក្ដី​សុចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​វិញ

23 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​មាន​សេចក្ដី​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ទៅ​ឬ តើ​មិន​មែន​អរ​ដោយ​គេ​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​វិញ​មក ឲ្យ​បាន​រស់​នៅ​វិញ​ទេ​ឬ​អី